រថយន្តដឹកទំនិញក្រឡាប់សង្កត់លើរឺម៉កដឹកសិស្សសាលារបួសធ្ងន់​មនុស្ស​៥នាក់


 (កំពត) ៖ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើ​កំណាត់ផ្លូវជាតិលេខ៣ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត​ ។

 ដោយ​រថយន្តដឹកទំនិញ​មួយ​គ្រឿង​បានក្រឡាប់សង្កត់ ​ទៅ​លើម៉ូតូសណ្តោងរឺម៉កមានទិសដៅស្របគ្នា​បណ្តាល​ឲ្យ​របួស​កូនសិស្ស និង​អ្នក​បើករឺម៉ក​ចំនួន៥នាក់។

បើតាម​របាយការណ៍​សមត្ថកិច្ច រថយន្តបង្កម៉ាក អ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9935 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបើកបុករ៉ឺម៉កដែលបើកស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យ​រថយន្តក្រឡាប់ផ្ងារជើងតែម្តង។

ចំណែកអ្នកបើកបរវិញបានរត់គេចខ្លួនបាត់​ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររឺម៉កម៉ូតូមានឈ្មោះ ជ័យ ចូ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំ ព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ,ចំណែកអ្នករួមដំណើរក្នុងរឺម៉កម៉ូតូ មានចំនួន ៥នាក់ ដែលជាសិស្សសាលាមានអាយុ១៦ឆ្នាំចុះ បានរងរបួសធ្ងន់។

ក្រោយកើតហេតុ​នោះ សមត្ថកិច្ចបានចុះ​អន្តរាគមន៍ដោយប្រើរថយន្តស្ទូច ដើម្បីយកអ្នកដែលកៀបជាប់ដោយរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕

ប្រភពព័ត៍មាន​ ពេញចិត្ត​ មេឌា