ឯកឧត្តម ស ថេត ចុះជួបសំណេះសំណាលដល់គេហដ្ឋានប្រជាពលរដ្ឋដែលមាន ជីវភាពទីទាល់ក្រ

 រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលដល់គេហដ្ឋានប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកជីវភាព ទីទាល់ក្រ ចំនួន ៩គ្រួសារ ក្នុងនោះ ៣គ្រួសារនៅសង្កាត់បឹងទំពុន១ និង៦គ្រួសារ នៅសង្កាត់បឹងទំពុន២ ដោយក្នុងមួយគ្រួសារទទួលបានអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ស ថេត ចំនួន ១០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ ។

 ជាមួយគ្នានោះដែរប្រជាពលរដ្ឋក្រីក្រចំនួន ២៥នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀលផងដែរ។ 

 ដោយឡែកចំពោះបងស្រីម្នាក់ដែលមានជំងឺរាំរ៉ៃ ដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម ស ថេត បានជួយជាថវិកាចំនួន ២០០ដុល្លារ សម្រាប់យកទៅព្យាបាលជំងឺផងដែរ។ 

 ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ស ថេត ដែលតែងតែចំណាយពេលចុះជួយ និងជួបផ្ទាល់ជាមួយពលរដ្ឋទីទាល់ក្រ និងជួយឧបត្ថម្ភជាថវិកា សម្ភារ ដើម្បីសម្រាលទុកលំបាក​ ដែលកំពុងតែខ្វះខាតខ្លាំង ។

 ជាកិច្ចបញ្ចប់ ប្រជាពលរដ្ឋ ទាំងអស់នាំគ្នាថ្លែងអំណរអរគុណដល់​ ឯកឧត្តម និងក្រុមការងារ​​ សូមជួបតែសេចក្តី​ សុខ​ សេចក្តី ចំរើន​​ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕